រឿង ប្រាសាទ បន្ទាយ ឆ្មារ1 (នៅ ខេត្ត បាត់ដំបង) ប្រជុំ រឿង ព្រេង ខ្មែរ ភាគ ៦ ទំព័រ ៦៤ – ៧៥ ប្រាសាទ បន្ទាយ ឆ្មារ ស្ថិត នៅ ក្នុង ឃុំ បន្ទាយ ឆ្មារ ស្រុក បន្ទាយ ឆ្មារ ខេត្ត បាត់ដំបង នៅ ចម្ងាយ ផ្លូវ ប្រមាណ ១២០ គ.ម. ទិស ខាង ជើង នៃ ក្រុង បាត់ដំបង ។ ពី ដើម មក តំបន់ នេះ ស្ថិត នៅ ក្នុង អាថ៌កំបាំង ណាស់ ព្រោះ ផ្លូវ ទៅ មក ជា ផ្លូវ រទេះ រថយន្ត ពុំ អាច ធ្វើ ដំណើរ បាន ឡើយ មាន តែ អ្នក ស្រាវ ជ្រាវ ខ្លះ ៗ ដែល ខិត ខំ តស៊ូ ធ្វើ ដំណើរ ឲ្យ បាន ទៅ ដល់ ទី នោះ តែ ទៅ បាន ដោយ លំបាក គឺ ត្រូវ ប្រើ រទេះ គោ ឬ ជិះ សេះ ។ នៅ គ្រា សព្វ ថ្ងៃ, ទី តំបន់ នេះ ក៏ បាន ពង្រីក មុខ មាត់ ស្រស់បស់ ដែរ ក្រោម ការ រៀបចំ នៃ រដ្ឋាភិបាល សង្គម រាស្ត្រ និយម ដែល មាន សម្ដេច ឪ ទ្រង់ ដឹក នាំ គឺ រាជការ បាន ចែក តំបន់ នេះ ជា ស្រុក មួយ ហៅថា ស្រុក បន្ទាយ ឆ្មារ ដែល ពី ដើម នៅ ជា ឃុំ តូច ស្ថិត នៅ ដាច់ ស្រយាល ។ ទី កន្លែង នេះ រាប់ បាន ថា ជា ភូមិ ភាគ ព្រៃ ភ្នំ ព្រោះ នៅ ចម្ងាយ តែ ២៥ គ.ម. ប៉ុណ្ណោះ ពី ជើង ភ្នំ ដង រែក ។ ការ ស្រាវ ជ្រាវ រក ប្រវត្តិ ពង្សាវតារ និង រឿង ព្រេង ដែល ទាក់ ទង ដោយ ប្រាសាទ បុរាណ នេះ ឃើញ មាន នៅ រដាច់ រដោច តាម សាស្ត្រា ស្លឹក រឹត ខ្លះ តាម មាត់ អ្នក ស្រុក ខ្លះ ។ យើង លើក យក មក ពោល ក្នុង ទី នេះ តាម ឯកសារ ក្រុម ជំនុំ ទំនៀម ទម្លាប់ ដែល សមាជិក ខេត្ត ក្រៅ សរសេរ មក ខ្លះ តាម សាស្ត្រា ស្លឹករឹត នៅ វត្ត ថ្ម ពួក2 ខ្លះ និង តាម សាស្ត្រា បុរាណ រឿង ព្រះ បាទ យសកេរ ដែល មាន តម្កល់ នៅ បណ្ណាល័យ ពុទ្ធសាសនបណ្ឌិត្យ3 ខ្លះ ល្មម ឲ្យ ប្រមូល សេចក្ដី បាន ដូច ត ទៅ នេះ ៖ មាន សេចក្ដី និទាន ថា កាល ពី អង្វែង ព្រេង នាយ ឆ្ងាយ មក ហើយ មាន ក្សត្រ មួយ ព្រះ អង្គ គ្រង រាជ្យ នៅ ចម្បាក បុរី (ត្រង់ បន្ទាយ ឆ្មារ សព្វ ថ្ងៃ) មាន ព្រះ នាម ថា ព្រះ បាទ “យសកេរ” ។ ព្រះ អង្គ មាន ព្រះ ទ័យ សន្ដោស មេត្តា ណាស់, នគរ ជិត ខាង ក៏ ព្រះ អង្គ មិន ដែល ទ្រង់ មាន ហេតុ អ្វី ជា មួយ ឡើយ ។ ប្រជានុរាស្ត្រ របស់ ព្រះ អង្គ ក៏ បាន ក្សេម ក្សាន្ត សន្តិភាព យ៉ាង រៀប រយ ។ ព្រះ កិត្តិ នាម ដ៏ ខ្ពង់ ខ្ពស់ នេះ បាន លេច ឮ ដំណឹង ទៅ ដល់ ព្រះ រាជា មួយ ព្រះ អង្គ ទៀត ព្រះ នាម ព្រះ បាទ ហ៊ូលូ ដែល គ្រង រាជ្យ នៅ ប្រាសាទ ព្រៅ នាំ ឲ្យ ចង់ រំលោភ អំណាច មក លើ ដែន ចម្បាក បុរី ទើប ថ្លែង សារ មួយ ទារ យក រាជ សម្បត្តិ ពី ព្រះ បាទ យសកេរ ។ ដោយ ព្រះ អង្គ សព្វ ព្រះ ទ័យ តែង នឹង ការ ស្ងប់ សន្តិភាព ព្រះ បាទ យស កេរ ទ្រង់ ពុំ ព្រម ត សង្គ្រាម ទេ ភៀស ព្រះ អង្គ ចេញ ពី ព្រះ រាជ វាំង ឲ្យ ផុត កុំ ឲ្យ កើត សឹក សង្គ្រាម បាន ព្រោះ នាំ ឲ្យ លំបាក ដល់ ប្រជា ពលរដ្ឋ ព្រះ អង្គ ។ ដូច្នេះ ចាប់ តាំង ពី ពេល នោះ មក បន្ទាយ ឆ្មារ ក្នុង ដែន ចម្បាក បុរី ត្រូវ ឋិត នៅ ក្នុង ការ ឃុំ គ្រង នៃ ព្រះ បាទ ហ៊ូលូ រហូត មក ។ លុះ ពេល ជា ចំណេរ ត មក ព្រះ បាទ ហ៊ូលូ មាន បំណង ចង់ ពង្រីក ទឹក ដី ថែម ទៀត ផង និង ខ្លាច ក្រែង ព្រះ មហា ក្សត្រ អង្គ មុន មក ដណ្ដើម យក ស្រុក វិញ ផង ព្រះ អង្គ ក៏ ប្រកាស ដល់ មហា ជន ថា ឥឡូវ នេះ បើ នរណា មួយ អាច យក ការណ៍ ឲ្យ ច្បាស់ ពី ទី កន្លែង ព្រះ បាទ យស កេរ បាន ព្រះ អង្គ នឹង ប្រទាន នូវ មាស ១០០០ តម្លឹង ។ ពេល នោះ មាន ពួក ព្រាន ដែល ដើរ បាញ់ តាម ព្រៃ ផ្សៃ ឆ្ងាយ ៗ ក៏ ទៅ លប មើល ឃើញ ព្រះ បាទ យសកេរ ជា មួយ ព្រះ នាង បទុម ជា អគ្គ មហេសី និង រាជ កុមារ វិបុលកេរ ទ្រង់ គង់ នៅ ប្រាសាទ តាមាន់ ដែល ឋិត នៅ លើ ខ្នង ភ្នំ ដង រែក ។ ដោយ សារ ចង់ បាន រង្វាន់ ជា មាស ១០០០ តម្លឹង នោះ ពួក ព្រាន កំណាច នាំ គ្នា លប ចាប់ ព្រះ បាទ យសកេរ នៅ ពេល ដែល ព្រះ អង្គ គង់ ស្មឹង ស្មាធិ៍ តែ មួយ អង្គ ឯង នៅ ក្នុង ព្រៃ ស្ងាត់, នាំ យក ទៅ ថ្វាយ ព្រះ បាទ ហ៊ូលូ ដើម្បី បើក យក រង្វាន់ ។ ពេល នោះ ព្រះ បាទ ហ៊ូលូ ក៏ ទ្រង់ ត្រាស់ បញ្ជា ឲ្យ ពេជ្ឈឃាដ នាំ យក ព្រះ អង្គ ទៅ ដាក់ ទោស, យ៉ាង ទម្ងន់ ។ នឹង ចាប់ ថ្លែង ពី ព្រះ នាង បទុម និង ព្រះ រាជ បុត្រា វិញ ម្ដង ។ ព្រះ នាង សោយ សោក សង្រេង សង្រៃ ដោយ បាត់ ស្វាមី ហើយ ថែម ទាំង បាន ទទួល ដំណឹង ថា ព្រះ បាទ ហ៊ូលូ កំពុង តែ ដាក់ ក្ដី ជា ទម្ងន់ ទៀត ។ ព្រះ នាង រក្សា បុត្រា បណ្ដូល ហឫទ័យ នៅ ក្នុង ព្រៃ អស់ រយៈ វេលា យ៉ាង យូរ រហូត ដល់ ព្រះ រាជ បុត្រា មាន ព្រះ ជន្ម ១២ វស្សា ។ ព្រះ កុមារ ដេញ ដោល ពី រឿង រ៉ាវ នៃ ព្រះ បិតា, ឯ ព្រះ នាង បទុម ជា មាតា ក៏ រាយរាប់ សព្វ គ្រប់ ប្រទាន បុត្រ ស្ដាប់ ។ តាំង ពី ជ្រាប រឿង ហេតុ នេះ ពិត មក ព្រះ កុមារ ស្រី វិបុលកេរ តែង តែ នឹក រលឹក ព្រះ បិតា ចង់ តែ សង សឹក ឲ្យ ឃើញ ទាន់ ហន់ តាម កំហឹង, តែ ព្រះ មាតា ចេះ តែ ព្រមាន រំលឹក ដាស់ តឿន ឲ្យ បំភ្លេច រឿង នេះ ចោល ទៅ ព្រោះ យើង ឥត គ្នីគ្នា នៅ ក្នុង ព្រៃ ដូច នេះ គ្មាន សង្ឃឹម នឹង បាន វិល ត្រឡប់ ទៅ កាន់ ស្រុក រក ខុស ត្រូវ វិញ បាន ឡើយ ។ ទោះ បី ព្រះ មាតា ឃាំង ឃាត់ យ៉ាង ណា ក្ដី, ព្រះ រាជ កុមារ នៅ តែ ពុំ សុខ ព្រះ ទ័យ ឡើយ ពេល មួយ ព្រះ អង្គ លា ព្រះ មាតា ទៅ ស្វែង សព្វ ទិស ទី រក ស៊ើប ដំណឹង ព្រះ បិតា ។ ការ ស្វែង នេះ ប្រព្រឹត្ត ទៅ អស់ ពេល ដ៏ យូរ ស្រាប់ តែ ទៅ ប្រទះ ឃើញ នៅ ត្រង់ ចន្លោះ នៃ បន្ទាយ ឆ្មារ នូវ ក្បួន ហែ អ្នក ទោស ទៅ សម្លាប់ ។ ព្រះ រាជ កុមារ ក្រឡេក ទៅ ស្គាល់ អ្នក ទោស នេះ ជាក់ ជា បិតា ព្រះ អង្គ, ទ្រង់ ក៏ ជែក ពពួក ហ្វូង មនុស្ស ឆ្ពោះ ទៅ ដល់ ទី ចំពោះ ព្រះ ភក្ត្រ នៃ ព្រះ បាទ ហ៊ូលូ ដែល កំពុង តែ គង់ ទត ក្បួន នេះ ដែរ ។ ព្រះ រាជ កុមារ មាន ព្រះ បន្ទូល ខ្លាំង ៗ ថា ៖ – អ្នក ទោស នេះ ជា បិតា ខ្ញុំ លោក គ្មាន ទោស ខុស អ្វី ទេ ។ ការ ដែល បញ្ជូន ទៅ សម្លាប់ នេះ គ្មាន ហេតុ ផល អ្វី ជា សំអាង ឡើយ, ដូច្នេះ សុំ ឲ្យ លែង ភ្លាម បើ ចង់ សម្លាប់ ណាស់ ខ្ញុំ ស៊ូ ឲ្យ សម្លាប់ ខ្លួន ខ្ញុំ ជំនួស វិញ ! ព្រះ បាទ ហ៊ូលូ ទ្រង់ បាន ឮ ហើយ ក៏ ភ្ញាក់ យ៉ាង ខ្លាំង ហើយ ត្រាស់ សួរ ទៅ វិញ ថា ៖ – អ្នក ឯង មក ពី ណា បាន ជា ហ៊ាន មក និយាយ យ៉ាង នេះ ? យើង នឹង ឲ្យ សម្លាប់ ចោល ក្នុង រឿណរង្គ ឥឡូវ នេះ រាជ កុមារ តប ភ្លាម ថា ៖ – ខ្ញុំ ជា រាជ បុត្រ នៃ ព្រះ បាទ យសកេរ គឺ អ្នក ទោស នេះ ឯង ខ្ញុំ មិន ខ្លាច ស្លាប់ ដោយ សារ អយុត្តិធម៌ ដូច្នេះ ទេ ! ខ្ញុំ ហ៊ាន ស្លាប់ ជំនួស បិតា ខ្ញុំ ។ ព្រះ បាទ ហ៊ូលូ ទ្រង់ ត្រាស់ ទៀត ថា – កុមារ ក្លាហាន ! អ្នក នេះ ពិត ជា ឪពុក អ្នក ឬ ? បើ ដូច្នេះ អ្នក ចូល មក យើង នឹង ដាក់ ក្ដី លើ រូប អ្នក វិញ ! រាជ កុមារ ក្លាហាន ក៏ យាង ចូល ទៅ ទទួល ទោស ជំនួស ព្រះ បិតា មួយ រំពេច ។ ពេល នោះ ព្រះ បាទ ហ៊ូលូ ត្រាស់ បញ្ជា ឲ្យ ពេជ្ឈឃាដ ប្រហារ ព្រះ រាជ កុមារ នៅ ចំ មុខ បណ្ដា ជន ដែល កំពុង តែ មក អ៊ូអរ ដើម្បី ទុក ជា បម្រាម ដល់ ជន ទូទៅ ។ អ្នក ស្រុក ដែល ឈរ មើល ទាំង ប៉ុន្មាន សឹង ផ្អើល ឈូឆរ ដោយ សារ ហេតុ ការណ៍ ចម្លែក នេះ ។ ភ័យ រន្ធត់ នឹក អាសូរ រាជ កុមារ ខ្លះ ស្ញប់ ស្ញែង នឹង ចិត្ត ក្លៀវក្លា របស់ ព្រះ រាជ កុមារ នេះ ។ ដោយ អានុភាព កតញ្ញុតា ធម៌ របស់ ព្រះ អង្គ ចំពោះ អ្នក ដ៏ មាន គុណ ដាវ ដ៏ មុត របស់ ពេជ្ឈឃាដ ប្រែ ត្រឡប់ ជា មូរ មុខ អស់ រលីង ជា ហេតុ អស្ចារ្យ ណាស់ ។ ព្រះ បាទ ហ៊ូលូ ទ្រង់ ពិរោធ យ៉ាង ខ្លាំង ស្រែក សន្ធាប់ ឲ្យ ពេជ្ឈឃាដ ប្ដូរ ដាវ ខ្មូរ មុខ នោះ ចេញ យក ដាវ សំលៀង មុត ហើយ ចូល មក កាប់ ម្ដង ទៀត ។ ជា ច្រើន លើក ច្រើន គ្រា ដាវ នៅ តែ មូរ មុខ ពុំ បាន មុត ដាច់ សាច់ កុមារ សូម្បី បន្តិច ឡើយ ។ ឃើញ ថា ចាញ់ ចេះ ហើយ ព្រះ បាទ ហ៊ូលូ ឲ្យ ពេជ្ឈឃាដ គរ ភ្នក់ ភ្លើង នោះ យ៉ាង សន្ធៅ ហើយ ចាប់ រាជ កុមារ បោះ ទៅ កណ្ដាល ភ្នក់ ភ្លើង នោះ, ប៉ុន្តែ ឥត ប្រយោជន៍ ទៀត ភ្លើង ប្រែ ជា ត្រជាក់ ល្ហឹម ឥត មាន សៅហ្មង ដល់ សាច់ ឈាម ព្រះ អង្គ កុមារ បន្តិច ឡើយ ។ ព្រះ រាជ កុមារ ទ្រង់ ក្រោក ចេញ ពី ភ្នក់ ភ្លើង ដោយ ព្រះ ភក្ត្រ ញញឹម ប្រិមប្រិយ ឆ្ពោះ ទៅ រក ព្រះ បាទ ហ៊ូលូ និង អាណា ប្រជានុរាស្ត្រ ទាំង អស់ ។ ធ្វើ ប៉ុណ្ណេះ ហើយ ក៏ ពុំ ទាន់ អស់ ព្រះ ទ័យ ទៀត ព្រះ បាទ ហ៊ូលូ ត្រាស់ បញ្ជា ឲ្យ អមាត្យ នាំ យក ដំរី ចម្បាំង ដែល កាច សាហាវ មួយ ហ្វូង នាំ មក ឲ្យ ព្រេច ព្រះ រាជ កុមារ ទៀត ។ ពួក ហ្ម បាន បំផាយ ហ្វូង ដំរី យ៉ាង លឿន ស្លៅ ចូល តម្រង់ ព្រះ រាជ កុមារ, តែ អស្ចារ្យ ណាស់ ដំរី ទាំង អស់ លុត ជង្គង់ ស្មើ គ្នា នៅ ចម្ងាយ ពីរ ជំហាន ពី មុខ កុមារ ។ មិន តែ ប៉ុណ្ណោះ ដំរី ច្បង នៅ មុខ គេ បាន លើក ត្រកង ព្រះ អង្គ យ៉ាង ថ្នាក់ ថ្នម ដាក់ លើ ក្បាល ខ្លួន ថែម ទៀត ។ ពេល នោះ អ្នក ស្រុក ទាំង អស់ ផ្អើល ឆោឡោ ចូល ទៅ ចោម រោម ព្រះ រាជ កុមារ ថ្វាយ វរ វន្ទា គ្រប់ ៗ គ្នា ។ ឃើញ មហិទ្ធិឫទ្ធិ ព្រះ រាជ កុមារ ដូច្នោះ ព្រះ បាទ ហ៊ូលូ លួច ភៀស ព្រះ អង្គ ចេញ បាត់ ពី ហ្វូង មនុស្ស ដែល កំពុង តែ ជ្រួល ច្របល់ ។ ម្ល៉ោះ ហើយ នៅ ពេល ដែល អ្នក ផង រួច ពី ការ ជ្រួល ជ្រើម វិញ ស្រាប់ តែ រក ស្ដេច ហ៊ូលូ មិន ឃើញ សោះ ក៏ យល់ ថា ព្រះ អង្គ ភៀស ចេញ បំបាត់ ដាន ដោយ ខ្លាច ឫទ្ធិ បារមី ព្រះ រាជ កុមារ វិបុល កេរ ដែល ឃើញ ជាក់ ស្ដែង អស្ចារ្យ យ៉ាង នេះ ។ បន្ទាប់ មក ព្រះរាជ កុមារ វិបុល កេរ បាន នាំ ព្រះ បិតា គង់ លើ ព្រះ ទីន័ង គជេន្ទ្រ យាង ដំណើរ ទៅ ដល់ ប្រាសាទ តាមាន់ លើ ភ្នំ ដង រែក រួប រួម សុខ ទុក្ខ ជា មួយ ព្រះ នាង បទុម យ៉ាង សុខ សាន្ត ទៅ ។ ប៉ុន្តែ មិន យូរ ប៉ុន្មាន ដោយ សារ គ្រាំ គ្រា ក្នុង ទារុណ កម្ម ផង ព្រះ បាទ យសកេរ ជា ព្រះ បិតា ក៏ សុគត នៅ ទី នោះ ។ នៅ ពេល បន្ទាប់ មក, ព្រះ រាជ កុមារ រៀបចំ ថ្វាយ ព្រះ ភ្លើង បញ្ចុះ ព្រះ ធាតុ យ៉ាង ស្រួល បួល ក្នុង ទី នោះ ឯង ។ នៅ ពេល បន្ទាប់ មក ទៀត អ្នក ស្រុក បន្ទាយ ឆ្មារ មាន នាម៉ឺន សព្វ មុខ មន្ត្រី ជា អាទិ បាន នាំ គ្នា រៀប ក្បួន ទៅ ដង្ហែ ព្រះ រាជ កុមារ វិបុល កេរ នាំ យក មក អភិសេក ជា ក្សត្រ ពេញ យស នៅ វាំង បន្ទាយ ឆ្មារ, ឯ ព្រះ នាង បទុម ក៏ រស់ នៅ យ៉ាង សុខ សាន្ត ជា មួយ រាជ បុត្រ រហូត ទៅ ។ រឿង ព្រេង នេះ ប្រហែល គ្នា នឹង រឿង ព្រេង នៅ ភ្នំ ស្រី វិបុល កេរ្តិ៍ នៅ ខេត្ត សៀម រាប ប្លែក គ្នា តែ ខាង ចុង ដែល រឿង ភ្នំ ស្រី វិបុល កេរ្តិ៍ នៅ សៀមរាប ថា ព្រះ រាជ កុមារ នេះ និង ព្រះ វរ មាតា សុគត ទៅ វិញ ។ ប៉ុន្តែ បើ ដេញ ដោល រក ឲ្យ ឆ្ងាយ ទៅ ទៀត គេ ឃើញ រឿង នេះ មាន ក្នុង គម្ពីរ “បញ្ញាសជាតក” ដែល ជា គម្ពីរ បាលី តែង ស្រុក អាយ នៅ ជ្រោយ សុវណ្ណ ភូមិ យើង នេះ ។ ដូច្នេះ អ្នក ស្រាវជ្រាវ អាច យល់ បាន ពីរ ផ្លូវ ថា ៖ ១- ទំនង ជា អ្នក ស្រុក ខ្មែរ យើង បាន ឃើញ រឿង នេះ មាន នៅ ក្នុង គម្ពីរ បញ្ញាសជាតក រួច ហើយ ទើប គេ ស្រង់ មក ដំណាល ភ្ជាប់ នឹង ទី ភ្នំ នេះ ទៅ ។ ២- ប្រហែល ជា មាន រឿង ព្រេង បុរាណ នេះ ជាប់ ដិត ដោយ នឹង ភ្នំ នេះ ភ្នំ នោះ រួច មក ហើយ ទើប អ្នក ប្រាជ្ញ ចេះ ភាសា បាលី នាំ យក ទៅ តែង បញ្ចូល ក្នុង បញ្ញាសជាតក ជា ក្រោយ ។ មតិ ទី ២ នេះ សម ច្រើន ដែរ ព្រោះ មាន រឿង ព្រេង ប្រចាំ ភ្នំ ភូមិ ស្រុក យើង ច្រើន ណាស់ ដែល ក្លាយ ទៅ ជា រឿង ក្នុង បញ្ញាសជាតក ដូចជា រឿង វរវង្ស សូរវង្ស (ជួរ ភ្នំ គិរីរម្យ សព្វ ថ្ងៃ), ភ្នំ នាង កង្រី (នៅ កំពង់ឆ្នាំង) ជាដើម ។ ចំពោះ ពាក្យ ថា “បន្ទាយ ឆ្មារ” នេះ វិញ ក៏ នាំ ឲ្យ មាន ការ ដេញ ដោល សន្ធឹក ណាស់ ដែរ ។ តាម ការ យល់ របស់ អ្នក ស្រាវជ្រាវ ខ្លះ ថា បន្ទាយ ឆ្មារ នេះ បាន ន័យ ថា “បន្ទាយ តូច” ឬ “វាំង តូច” ផ្ទុយ គ្នា អំពី បន្ទាយ ធំ ឬ នគរ ធំ ។ មតិ នេះ ឃើញ ថា សម ហេតុ ផល ដែរ ព្រោះ តាម ប្រវត្តិសាស្ត្រ យើង ក៏ ឃើញ មាន បន្ទាយ ធំ ជា រាជធានី ដែល ហៅថា “មហា នគរ” ប្រែ ថា ក្រុង ធំ ។ ដូច្នេះ កាល បើ មាន បង្កើត ក្រុង មួយ ទៀត ដែល តូច ល្មម ឬ ជា រាជធានី តូច ដែល សម្រាប់ ស្ដេច អនុជ ឬ ស្ដេច ត្រាញ់ គង់ នៅ, ក៏ អ្នក ស្រុក អាច សំគាល់ ហៅ ទី នោះ ថា ក្រុង តូច ឬ បន្ទាយ តូច ឬ បន្ទាយ ឆ្មារ4 ដូច្នេះ ក៏ បាន ដែរ ។ ឯ កន្លែង នេះ ពិត ជា មាន ទីក្រុង ចាស់ ប្រាកដ មែន ដូចជា ការ ស្រាវជ្រាវ របស់ លោក ហ្គុសលីយ៉េរ សរសេរ ថា5 មាន ទី ប្រជុំ ជន មួយ ឈ្មោះ ក្បាល អន្សោង នៅ ចម្ងាយ ២ គ.ម. ពី ទី នេះ ធ្លាប់ មាន មនុស្ស រស់ នៅ ដល់ ទៅ ប្រមាណ ជា ២០០.០០០ នាក់ សុទ្ធ តែ ជា ពួក អ្នក មាន មុខ ងារ មក កសាង ប្រាសាទ ពី ជំនាន់ នោះ ។ ប៉ុន្តែ ដោយ ចំណេរ ត មក នៅ តំបន់ នោះ មាន ទឹក ជំនន់ ជន់ លិច, មាន កើត ជំងឺ ដង្កាត់ ច្រើន, ពួក អ្នក ស្រុក ទាំង នេះ ក៏ រត់ ទៅ នៅ ឯ ទី ឆ្ងាយ ពី នេះ បន្តិច ទៅ វិញ ដែល ល្មម រស់ នៅ បាន ស្រួល គឺ ទី រួម ស្រុក សុរិន្ទ សព្វ ថ្ងៃ នេះ ។ ហេតុ នេះ ហើយ បាន ជា សុរិន្ទ ឡើង ទៅ ជា ទី ប្រជុំ ជន សំខាន់ មួយ តាំង ពី គ្រា នោះ មក ។ មិន តែ ប៉ុណ្ណោះ តាម យោបល់ លោក អៃម៉ូនិញេ ថា មក ដល់ ឆ្នាំ ១៨៨៤ ដែល ខេត្ត សុរិន្ទ បាន ទៅ សៀម ហើយ ក៏ ចៅហ្វាយ ខេត្ត នេះ នៅ តែ មាន ងារ ថា ៖ ពញា សុរិន្ទ ភក្ដីធីន នគរ បន្ទាយ សេមារ6 ។ យោបល់ នេះ ក៏ បញ្ជាក់ ថែម ទៀត ថា ពួក អ្នក ស្រុក សុរិន្ទ មាន ដើម កំណើត ពី បន្ទាយ ឆ្មារ នេះ មែន ។ តាម ការ ស្រាវជ្រាវ របស់ លោក សឺដែស7 បាន បញ្ជាក់ ថា ប្រាសាទ បន្ទាយ ឆ្មារ កសាង ឡើង ក្នុង រជ្ជ កាល ព្រះ បាទ ជ័យ វរ្ម័ន ទី ៧ គឺ ព្រះ អង្គ សាង ឧទ្ទិស ចំពោះ វិញ្ញាណក្ខន្ធ នៃ ព្រះ រាជ បុត្រា ព្រះ អង្គ ព្រះ នាម ស្រិន្ទកុមារ ព្រម ទាំង អ្នក រួម អាវុធ របស់ ព្រះ អង្គ ៤ នាក់ ទៀត ដែល ស្លាប់ បាត់បង់ ជីវិត នៅ ក្នុង សមរភូមិ នៅ គ្រា ប្រយុទ្ធ ជា មួយ កង ទ័ព ចម្ប៉ា ដែល ចូល មក រុក រាន ។ តែ បើ តាម ឯកសារ ផ្សេង ទៀត ថា ព្រះ បាទ ជ័យ វរ្ម័ន ទី ២ បាន សាង ក្នុង ដើម សតវត្ស ទី ៩8 ។ ដូច្នេះ សរុប សេចក្ដី ទៅ តាម រឿង ព្រេង ក្ដី សិលា ចារឹក ក្ដី ក៏ បង្ហាញ បញ្ជាក់ ថា ទី ប្រាសាទ បន្ទាយ ឆ្មារ នេះ ជា ទី ប្រជុំ ជន ចាស់ ក្នុង សម័យ អង្គរ ល្មម សម គួរ តាម ពាក្យ អ្នក ស្រុក ហៅ តាម ទម្លាប់ ពាក្យ ជាន់ នោះ ហៅថា “បន្ទាយ ឆ្មារ” ដែល បាន ន័យ ថា “វាំង តូច” ។ ឯ រឿង ព្រេង បន្ថែម លើ រឿង រ៉ាវ ដ៏ វែង ដូច បាន រៀបរាប់ មក ខាង លើ នេះ គ្រាន់ តែ ជា ការ ប្រឌិត យក ទី កន្លែង ទៅ ភ្ជាប់ ជា មួយ អក្សរ សាស្ត្រ ឲ្យ បាន ន័យ ពីរោះ ពិសា តែ ប៉ុណ្ណោះ ។

Leave A Comment

Your email address will not be published. Required fields are marked *